Monday, May 27, 2013

រំដោះជាតិដូចម្តេច NATIONAL LIBERATION (ដោយ អ៊ុម ហាក់) តាមចំណាំ ពេលណាដែលប្រទេសគេមានអាសន្ន គេតែងតែឃើញវិរបុរសរបស់គេម្នាក់ ចេញមុខមកដឹកនាំបង្រួបបង្រួមពលរដ្ធតស៊ូរំដោះជាតិគេឲ្យរស់ឡើងវិញ មានលោក Charles de Gaulle ប្រទេសបារាំងសេស​នឹងលោក Winston Churchill នៃប្រទេសអង់គ្លេ ស៍ជាដើម។ ចម្លែកបន្តិចស្រុកខ្មែរ ក្នុងគ្រាអាសន្នដោយបរទេសយួនឈ្លានពានត្រួតត្រា គេសង្កេតឃើញមានវិរបុរសស្នេហាជាតិជាច្រើនងើបឡើងច្រូងច្រាងបង្កើតបានជាក្រុម តស៊ូរំដោះជាតិមួយចំនួនឯករាជ្យដាច់ពីគ្នា ប្រើមធ្យោបាយផ្សេងៗពីគ្នា មិនតែប៉ុននោះ​ គេជឿថាមធ្យោបាយរបស់គេជាមធ្យោបាយតែមួយគត់ដែលអាចរំដោះជាតិបាន។ សូមអនុញ្ញាតិលើកយកករណីក្រុមខ្លះៗមកសាកល្បងសិក្សាដូចតទៅ។ ក្រុមមួយបានប្តឹងទៅក្រុមប្រិក្សាអចិន្រ្តៃយនៃអង្គការសហប្រជាជាតិសុំឲ្យអង្គការនេះ ជួយអនុវត្តិកិច្ចព្រមព្រៀងទីក្រុងប៉ារីស៍ថ្ងៃទី២៣តុលា១៩៩១ស្តីពីស្រុកខ្មែរ។ អង្គការសហ ប្រជាជាតិបានឆ្លើយតបថាបានចម្លងបណ្តឹងនោះជូនទៅប្រទេសជាសាមីនឹងជូនទៅលោក អគ្គលេខាធិការអង្គការ រួចហើយ។ ជាភាសាសាមញ្ញចម្លើយនេះមានន័យថាគ្មានចំណាត់ ការអ្វីលើសពីនេះទេ។ ចប់។ ក្រុមមួយទៀតជាក្រុមប្រឆាំងការបោះឆ្នោតឆ្នាំ២០១៣នេះដោយសំអាងថាជាការបោះ ឆ្នោតបង្រ្គប់កិច្ចគ្រាន់តែធ្វើឲ្យបក្សប្រជាជនកាន់អំណាចស្របច្បាប់បន្ត៥ឆ្នាំទៅមុខទៀត តែប៉ុននោះ។ គេឃោសនាថាមានតែកម្លាំងពលរដ្ធខ្មែរទេដែលអាចរំដោះស្រុកខ្មែរចេញ ពីអាណានិគមនិយមយួន នឹងចេញពីអំណាចផ្តាច់ការបក្សកាន់អំណាចសព្វថ្ងៃបាន។ ក្រុមនេះបានប្តឹង ( ឬក៏អត់? )លោកហ៊ុន-សែនទៅតុលាការអន្តរជាតិនៅក្រុងឡាអេ ប្រ ទេសហូឡង់អំពីឧក្រិដ្ធកម្មផ្សេងៗ។ តុលាការនេះបានឆ្លើយតបវិញដោយបានទាមទារ ភស្តុតាងបន្ថែមទៀត។ ជាភាសាសាមញ្ញចម្លើយក៏មានន័យថាគ្មានចំណាត់ការលើពា ក្យបណ្តឹងនេះនៅឡើយទេ។ចប់។ ក្រុមមួយទៀតជាក្រុមដែលពឹងពាក់លើអង្គការសហប្រជាជាតិស្ទើរតែទាំងស្រុង។ គេ ធ្លាប់បានធ្វើបាតុកម្មនៅមុខអ.ស.ប.ញយដង ជាពិសេសនៅផ្នែកសទ្ធិមនុស្សនាប្រទេស ស៊្វីស។ លទ្ធផលបានយ៉ាងណាៗស្ថិតនៅលើក្តីប៉ាន់ស្មានរបស់យើងរាល់គ្នានៅឡើយ។ ចុងក្រោយនេះគេឲ្យដឹងថា អ.ស.ប.គេចាំតែជួយយើងទេតែគេមិនទាន់ហ៊ានលូកដៃនៅ ឡើយ គេបញ្ជាក់ទៀតថាគេមានម្ហួបបញ្ចុកយើងហើយទាស់តែយើងមិនព្រមបើកមាត់ ឆីតែប៉ុននោះ។ នេះគេចង់ទំលាក់ទោសទៅលើគណបក្សសង្រ្គោះជាតិដែលមិនព្រមទ ទួលសំណើររបស់គេ។ គេថាគេមិនសុំឲ្យបក្សសង្រ្គោះជាតិធ្វើពហិការរឿងបោះឆ្នោត នោះទេ គេគ្រាន់តែឲ្យសុំពន្យាពេលចំនួនមួយឆ្នាំកន្លះដើមបីឲ្យគេមានពេលគ្រប់គ្រាន់ កែរទម្រង់ប្រព័ន្ធបោះឆ្នោតតែប៉ុននោះ។ គេបន្ថែមថាបើគណបក្សសង្រ្គោះជាតិប្រកាស មិនចូលរួមការបោះឆ្នោតល្គិកណាបើគ្មានការកែរទម្រង់ប្រព័ន្ធការបោះឆ្នោតទេ នោះ អ.ស.ប.គេអាចនឹងចូលស្រុកខ្មែររៀបចំប្រព័ន្ធការបោះឆ្នោតឲ្យបានសេរីនឹងយុត្តិធម៌ដោយ ស្របច្បាប់។ តើវាសនាស្រុកខ្មែរអាចនឹងដោះស្រាយបានស្រួលអីចឹងកើតឬ? តើអំណះអំ ណាងបែបនេះអាចជឿទុកចិត្តបាន លេបមិនស្លាក់ទេឬ? សូមក្រឡេកទៅមើលប្រទេស ស៊ីរីយ៉ាបន្តិចមើលតើវាយ៉ាងណាទៅហើយ។ ក្រុមបះបោរច្បាំងនឹងរដ្ធអំណាចផ្តាច់ការ អស់ពេលច្រើនខែមកហើយ ស្លាប់មនុស្សអស់វាល់ម៉ឺនទៅហើយដើមបីទាមទារសេរី ភាព។ អាវុធគីមីបានត្រូវគេយកមកប្រើប្រាសទាំងខុសច្បាប់ក្នុងសង្រ្គាមនេះ។ សួរថាតើ អង្គការសហប្រជាជាតិបានកំរើកម្រាមដៃតិចតួចហើយឬនៅ?។ សូមបីតែសេចក្តីថ្លែង ការណ៍ថ្កោលទោសអំពីបទឧក្រិដ្ធនេះលើក្រដាស់ក៏ដូចជាគ្មានផង។ អីចឹងបើយើងជឿ ថាអង្គការសហប្រជាជាតិនឹងចូលទៅរៀបចំការបោះឆ្នោតឲ្យខ្មែរបាន គ្រាន់តែឲ្យបក្សប្រ ឆាំងប្រកាសធ្វើពហិការប៉ុននោះ ក្រែងយើង « សង្ឃឹមផ្កាយលើមេឃ » ទេដឹង?។ ក្រុមមួយទៀតហៅខ្លួនគេថាជាក្រុមបដិវត្តន៍ មិនប្រកាន់ថាដោយមធ្យោបាយអហឹង្សា ឬក៏ហឹង្សាឡើយយកគំរូតាមប្រទេស ទុយនីស៊ី លីប៊ី អេស្ហ៊ីប នឹងស៊ីរីជាដើម។ គេមិនគ្រាន់ តែប្រឆាំងនឹងការបោះឆ្នោតនៅខែកក្កដាឆ្នាំ២០១៣ខាងមុខប៉ុននោះទេ គេថែមទាំងចោទ ទាំងគណបក្សនយោបាយដែលទៅចូលរួមបោះឆ្នោត ទាំងប្រជាពលរដ្ធដែលនឹងទៅបោះ ឆ្នោតថាជាជនក្បត់ជាតិផង។កម្មវិធីបដិវត្តន៍របស់គេតាមលំដាប់អាទិភាពមាន ១- ដណ្តើម ឯករាជ្យពីយួន ២-​ ទម្លាក់របបផ្តាច់ការ កុម្មុយនិស្តសព្វថ្ងៃ ៣-រៀបចំការបោះឆ្នោតដោយ សេរីនឹងយុត្តិធម៌។ គំរោងការរបស់ក្រុមនេះធ្វើឲ្យយើងឃើញថា គេបានអានសៀវភៅ ជាច្រើន នឹងបានសិក្សាអំពីបដិវត្តន៍ជាច្រើនក្នុងលោក មិនដឹងថាតើគេមានការពិសោធ ក្នុងកិច្ចប្រតិបត្តិជាក់ស្តែងលើទឹកដីឬទេ។ ដោយខ្ញុំមិនមានតំរេះខាងបំបះបំបោរ​ ឬណែនាំ បាតុកម្មសោះនោះខ្ញុំសូមអនុញ្ញាតិគ្រាន់តែធ្វើចំណាប់អារម្ភខ្លះៗដូចទៅ៖ ក- ការចោទប្រកាន់បងប្អូនខ្មែររាប់លាននាក់ដែលបំរុងនឹងទៅបោះឆ្នោតនៅថ្ងៃ២៨កក្កដា ឆ្នាំ២០១៣ថាជាជនក្បត់ជាតិ ដូចជាធ្ងន់ធ្ងរជ្រុលពេកទេដឹង? ខ- ការឲ្យខ្មែរធ្វើបដិវត្តន៍ដោយយកគំរូតាមស្រុកទុយនីស៊ី លីប៊ី​ អេស្ហ៊ីប នឹងស៊ីរីនោះតើ លទ្ធផលបានដូចបំណងឬទេ? ករណីស្រុកខ្មែរនឹងស្រុកអារាបទាំងឡាយនោះមិនដូចគ្នា ទេ។ ១-ស្រុកទាំងឡាយនោះគេឯករាជ្យ រីឯស្រុកខ្មែរកញ្ជះយួន។ ២-ស្រុកគេកាន់សា សនាអ៊ីស្លាម រីឯខ្មែរកាន់ពុទ្ធសាសនា។ ៣-ប្រជារាស្រ្តស្រុកទាំងឡាយនោះមិនប្រាកដ់ជា បានទទួលនូវសេរីភាពដូចបំណងផងទេ។ តួយ៉ាងដូចជាប្រទេសអេស្ហ៊ីបជាដើម ការបោះ ឆ្នោតដោយសេរីនឹងយុត្តិធម៌ បានត្រិមតែដកជនផ្តាច់ការម្នាក់ដាក់ជនផ្តាច់ការម្នាក់ទៀត ដែលមាននិន្នាការណ៌អ៊ីស្លាមតឹងតែងមកពី « ភាតរភាពអ៊ីស្លាម »​ Islam Brotherhood។ នៅពីក្រោយពួកជ្រុលនិយមនេះមានក្រុមភេរវជន «​ អាល់កេដា » Al Qaeda ជួយណែនាំ ញាក់ខ្សែផង។ រីឯប្រទេសដទៃខ្លះទៀតនៅច្បាំងគ្នានៅឡើយ ហើយក៏មានពួក « អាល់កេ ដា​ »​នៅ ពីក្រោយដូចគ្នា។ គ- ការទាមទារឯករាជ្យពីយួនដោយវិធីណាក៏ដោយ ត្រូវចាំបាច់ប៉ះទង្គិចនឹងអាយ៉ងវាដែល ជាខ្មែរជាមុនជាដាច់ខាតព្រោះយួនវានៅគាំទ្រតែពីខាងក្រោយ។ ដល់អីចឹងទៅអំណះអំ ណាងថាយកឯករាជ្យពីយួនបានទើបទម្លាក់របបខ្មែរកុម្មុយនិស្តផ្តាច់ការនោះ តើត្រូវធ្វើ របៀបណា? ឃ- ការធ្វើបាតុកម្ម ឬការបះបោរទ្រង់ទ្រាយធំ ដើមបីទាមទារឯករាជ្យ​ ឬដើមបីរំលំរបបដឹក នាំឲ្យបានជោកជ័យវាអាស្រ័យទៅលើកម្លាំង និស្សិត បញ្ញវន្ត កសិករ កម្មករ សហជីព នឹង ពលរដ្ធទូទៅ។ បើយើងពិនិត្យស្ថានភាពស្រុកខ្មែរ គេឃើញថានិស្សិត បញ្ញវន្តតិចតួចស្តួច ស្តើងណាស់បានប្រុងប្រៀបខ្លួនរួចហើយ។​ បើក្រឡេកមើលទៅកសិករ កម្មករ នឹងពលរដ្ធ ជាទូទៅ គេឃើញច្បាស់ថាមិនត្រិមតែអស់ជំនឿលើរដ្ធាភិបាលកុម្មុយនិស្តផ្តាច់ការហ៊ុន- សែន នឹងអ្នកមានអំណាចបុណ្យសក្តិ៍ប្លន់ដីដុតផ្ទះរបស់ពួកគេពេញស្រុកខ្មែរប៉ុននោះទេ ពួកគេក្តៅក្រហាយដល់ថ្នាក់កំពូលទៅហើយ។ ជាញឹកញាប់ពួកគេធ្វើបាតុកម្មដាច់ដោយ ឡែកពីគ្នាគ្រប់ទឹសគ្រប់ទីពេញប្រទេសទៅហើយ។ បើសិនជាមានប្រព័ន្ធសហការណ៍ល្អ កម្លាំងពួកគេរួមគ្នាអាចមានលទ្ធភាពរំលំរបបកុម្មុយនិស្តផ្តាច់ការហ៊ុន-សែននឹងបក្សពួក បាន។ អ្វីដែលខ្វះពេលនេះគឺមេដឹកនាំ នឹងប្រព៍ន្ធដឹកនាំបង្រួបបង្រួម។ បើនិយាយពីសហ ជីពវិញមានច្រើនហើយហាក់មានទឹសដៅខុសៗគ្នា មិនសូវរួបរួមគ្នាទេ។ ក្រុមមួយទៀតគឺគណបក្សនយោបាយដែលប្រុងប្រៀបទៅរួមបោះឆ្នោតសាកលនៅថ្ងៃ ទី២៨កក្កដា ឆ្នាំ២០១៣ខាងមុខ។ សូមអនុញ្ញាតិលើកយកតែករណីគណបក្សសង្រ្គោះ ជាតិដែលកើតចេញមកពីការរួមចូលគ្នារបស់គណបក្ស សម រង្សី នឹងគណបក្ស សិទ្ធិម នុស្សដោយសារសម្ពាធពីសំណាក់ពលរដ្ធខ្មែរទាំងក្នុងនឹងក្រៅប្រទេស នឹងជាគណបក្ស ប្រជែងខ្លាំងជាងគេមកពិចារណា។ ក្រុមនេះមានការគាំទ្រខ្លាំងក្លាពីសំណាក់ពលរដ្ធខ្មែរ ទាំងក្នុងទាំងក្រៅប្រទេសគួរឲ្យចាប់អារម្ភក្រៃលែង។ គេបានដាក់ពាក្យចូលប្រកួតបោះ ឆ្នោតរួចហើយ តែគេក៏បានធ្វើបាតុកម្មទាមទារឲ្យមានការផ្លាស់ប្តូរគណកម្មការរៀបចំការ បោះឆ្នោត​ ( គ.ជ.ប. ) នឹងប្រព័ន្ធបោះឆ្នោតផងដែរ។ គេមិនទាន់បានទាត់ចោលនូវពហិ ការក្នុងការបោះឆ្នោតនៅឡើយដែរទេ។ អនាគតវាទៅជាយ៉ាងណានោះក៏វានៅតេលើ ការប៉ាន់ស្មានរបស់យើងរាល់គ្នានៅឡើយដែរ។ គួរកត់សំគាល់ថាពេលនេះខ្មែរយើងរួប រួមគ្នាងើបឡើងប្រឆាំងយួនឈ្លានពានមិនខុសពីកាលឆ្នាំ១៩៧០ ថ្ងៃទី១៨មិនាឡើយ។ គេងើបឡើងជួយគាំទ្រគណបក្សសង្រ្គោះជាតិដោយគ្រប់មធ្យោបាយដែលអាចធ្វើបាន គួរឲ្យមានក្តីសង្ឃឹម។ បើសិក្សាអំពី « ជំនោរខ្យល់ជូន » លុះបច្ចុប្បន្ននេះ​គណបក្ស សង្រ្គោះជាតិនឹងចូលរួមបោះឆ្នោតនៅថ្ងៃ២៨កក្កដាឆ្នាំ២០១៣នេះព្រោះវាជាជំរើសដែល អាក្រក់តិចជាងគេ។ ការរៀបរាប់មកយ៉ាងវែងអន្លាយនេះ គ្រាន់តែចង់​រំលឹកថាទោះជាត្រូវគេប្រហារអស់រាប់ លាននាក់ទៅហើយយ៉ាងណាក្តី ក៏មាននៅសល់វិរជនជាបណ្ឌិតក្រាសក្រែល នឹងវិរជន អ្នកស្នេហាជាតិមួយចំនួនធំផងដែរ ទាស់តែគេមានះថាមានតែគំនិតនឹងមធ្យោបាយរបស់ គេទេដែលអាចជួយរំដោះស្រុកបាន។ ដល់អីចឹងទៅ មិនត្រិមតែស្តីបន្ទោសក្រុមដទៃដោយ ប្រការផ្សេងៗ ជួនកាលរហូតដល់ទៅចោទគ្នាថាក្បត់ជាតិថែមទៅទៀត។ រូបភាពនេះធ្វើ យើងនឹកឃើញដល់រឿង នាយខ្វាក់បួននាក់ស្ទាបដំរី។ នាយម្នាក់ស្ទាបស្លិកត្រចៀកថាដំរី ដូចចង្អេរ នាយម្នាក់ទៀតស្ទាបប្រម៉ោយថាដូចអង្រែ នាយម្នាក់ស្ទាបជើងថាដូចសសរ ឯ ម្នាក់ចុងក្រោយស្ទាបកន្ទុយថាដូចអំបោស។ មាននរណាយស់ខុសឬទេ?។ អត់ទេ។ និ យាយឲ្យខ្លីទៅ នាយខ្វាក់ទាំងបូនស្គាល់ដំរីមួយជ្រុងម្នាក់គឺ ត្រចៀកដំរីពិតជាដូចចង្អេរ ប្រ ម៉ោយដំរីដូចអង្រែ ជើងវាដូចសសរ ហើយកន្ទុយវាដូចអំបោសពិតប្រាកដ់ មិនមាននរណា ខុសទាល់តែសោះ។ រូបរាងដំរីពិតប្រាកដ់នឹងរកឃើញម្តេចនឹងកើតបើគេមិនព្រមយកគំ ហ៊ើញទាំងអស់មកបូកចូលគ្នា?។ យ៉ាងណាមិញ វិរជនខ្មែរអ្នកស្នេហាជាតិគ្រប់ក្រុមហាក់ មានះមិនខុសអ្វីអំពីនាយខ្វាក់បួននាក់ស្ទាបដំរីដែរ។ ក្រុមណាក៏ដូចក្រុមណាដែរ គេជឿ ជាក់ថាមានតែមធ្យោបាយក្រុមខ្លួនមួយទេដែលអាចរំដោះស្រុកបាន។ គេហាក់ដូចជា មើលឃើញដំណោះស្រាយបញ្ហាខ្មែរមួយក្រុមមួយជ្រុង តែពុំបានឃើញបញ្ហាទាំងមូល ផងទេ។ ខ្ញុំស្រឡាញ់សំដីរបស់អធិរាជបារាំងសេស Napoleon Bonaparte ដែលថ្លែងថា “ Il faut defendre la patrie soit avec ignominie soit avec gloire. Tous les moyens sont bons pourvu qu’elle soit defendue “ មានន័យជាអាទិ៍ថា ត្រូវតែការពារមាតុភូមិឲ្យបានទោះជា ត្រូវប្រើមធ្យោបាយកខ្វក់ថោកទាប ឬមធ្យោបាយថ្លៃថ្នូរប្រកបដោយកិត្តិយស។ មធ្យោបា យណាក៏ល្អដែរ ឲ្យតែការពារបាន។ ជាទីបញ្ចប់ខ្ញុំសូមអង្វរករវិរជន/នារីខ្មែរស្នេហាជាតិគ្រប់ក្រុម បើបានមើលឃើញមធ្យោ បាយសក្តិ៍សិទ្ធអាចជួយរំដោះជាតិបាន សូមអញ្ជើញនាំគ្នាប្រឹងប្រែងតស៊ូរំដោះជាតិតាម មធ្យោបាយរបស់ក្រុមខ្លួនទៅ។ បើមិនអាចទៅចូលរួមជាមួយក្រុមផ្សេង ឬមិនអាចហៅ រកក្រុមផ្សេងមករួបរួមជាមួយក្រុមខ្លួនបានទេ សូមតែកុំវាយប្រហារគ្នាទៅវិញទៅមក។ ធ្វើបានប៉ុននេះគឺបានឈានមួយជំហានដំបូងឆ្ពោះទៅរកការរួបរួមគ្នាដើមបីរំដោះជាតិ ជាទីស្នេហាដែរហើយ។ សូមស្វាគមន៍មតិផ្សេង!!!៕

0 comments:

Post a Comment