Monday, May 27, 2013

 ដោយៈ ឆាំ ឆានី ២៧ ឧសភា ២០១៣
វិសាខបូជាគឺជាពីធីបុណ្យដ៏ធំមួយក្នុងព្រះពុទ្ធសាសនាដែលពុទ្ធមាមិកជនអ្នកកាន់ព្រះពុទ្ធសាសនា តែងតែ ប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ​ ដើម្បីរំលឹកនឹកគុណដល់ព្រះសមណគោត្តម ដែល​ព្រះអង្គ​ទ្រង់​ប្រសូត្រ  ត្រាស់ដឹងនូវ​អនុត្តរសម្មាសម្ពោធិញ្ញាណ ​ និងទ្រង់​រំលត់​ខ័ន្ធ​ចូល​កាន់​ព្រះ​និព្វាន
ក្នុង​គម្ពី​របឋមសម្ពោធិ​ បានហៅថ្ងៃបុណ្យវិសាខបូជានេះថា ជាថ្ងៃ​មហាមង្គល​អភិលក្ខិត​កាល គឺ​ជា​ថ្ងៃ មហា​មង្គល ដែលត្រូវ​នឹង​ថ្ងៃ​ដែល​ព្រះសម្ពុទ្ធបរមគ្រូ៖
១.ទ្រង់​ប្រសូតិ​នៅ ថ្ងៃ​សុក្រ ពេញ​បូណ៌មី ខែ​វិសាខ ឆ្នាំ​ច វេលា​ជិត​ថ្ងៃ​ត្រង់ មុន ពុទ្ធសករាជ ៨០​ឆ្នាំ ។ នៅ​ឧទ្យានលុម្ពិនី ព្រៃ​សាលព្រឹក្ស ចន្លោះ​នគរ​ទាំង​ពីរ គឺ​កបិលពស្តុ និង ទេវ​ទហៈ។ ឧទ្យាន​លុម្ពិនី សព្វ​ថ្ងៃ​នេះ​ស្ថិត​នៅ​ក្នុង​ប្រទេស​នេប៉ាល់ មាន​ចម្ងាយ​២៧គ.ម. ពី​ព្រំដែន នៃ​ប្រទេស​ឥណ្ឌា ។
២.ទ្រង់​ត្រាស់​ដឹង  នៅ​ថ្ងៃ​ពុធ  ពេញ​បូណ៌មី ខែ​វិសាខ ឆ្នាំ​រកា​វេលា ជិត​ភ្លឺ មុន​ពុទ្ធសករាជ​៤៥​ឆ្នាំ ក្នុង​ព្រះជន្ម​៣៥​ឆ្នាំ។ ទី​ស្ថាន​ដែល​ព្រះអង្គ​បាន ត្រាស់​ដឹង​ជា​សព្វញ្ញូពុទ្ធ ហៅ​ថា​ពុទ្ធគយា​ស្ថិត​នៅ​ក្នុង  រដ្ឋ​ពីហា ( Bihar ) ប្រទេស​ឥណ្ឌា។  
៣.ទ្រង់យាងចូលព្រះ​បរិនិព្វាន ក្នុង​ថ្ងៃ​អង្គារ ពេញ​បូណ៌​មី ខែ​វិសាខ ឆ្នាំ​ម្សាញ់  វេលា​ជិត​បែក​បច្ចូសម័យ មុន​ពុទ្ធសករាជ ១ថ្ងៃ​ក្នុង ព្រះជន្ម ៨០​ឆ្នាំ គត់  ចន្លោះ​សាល​ព្រឹក្ស​ទាំង​គូ ក្នុង​ក្រុងកុសិនារា ។ សព្វ​ថ្ងៃ​នេះ  ទី​ក្រុង កុសិនារា ត្រូវ​បាន​គេ​ហៅ​ថា ក្រុង​កុសិនាហ្គារ៍ (កុសិនគរ) ឬ​ហៅថា​ក្រុង​កាស្យា ស្ថិត​នៅ​ក្នុង​រដ្ឋឧត្តរ​ប្រទេស របស់​ឥណ្ឌា   សំរាប់ប្រជាពលរដ្ឋខ្មែរនៅប្រទេសន័រវេស្ស ក្នុងនាមពុទ្ធសាសនិកជន អ្នកកាន់ព្រះពុទ្ធ សាសនា ក៏បានស្រុះស្រួលមួលមតិគ្នាប្រារព្ធពិធីបុណ្យវិសាខបូជានេះឡើង ដែលមាន កម្មវិធីដូចជា មនស្សការថ្វាយបង្គំព្រះរតនៈត្រ័យ សមាទានសុំសីល រាប់បាត្រ ប្រគេនចង្ហាន់ព្រះសង្ឃ ចំរើនព្រះបរិត្ត សម្តែងព្រះសទ្ធម្មវិសេសទេនា និងប្រកាសពិធីវិខបូជា។
ពិធីបុណ្យនេះបានប្រារព្ធឡើងពីម៉ោង៩.០០ ដល់ម៉ោង១៤.០០ ដែលមានប្រជាពលរដ្ឋ ចូលរួមយ៉ាង​ច្រើន កុះករ ។


0 comments:

Post a Comment